ពូកែវោហារ តែចេះបន្ទាបខ្លួន
ខ្ញុំកោតសរសើរ អ្នកដែលពូកែចែកចាយ អំពីសេចក្តីជំនឿរបស់ខ្លួន ហើយចេះបញ្ចុះបញ្ចូលអ្នកដទៃ ដោយសំនួនវោហាររបស់ខ្លួន។ អ្នកខ្លះថា អ្នកនោះមាន ”អំណោយទាននិយាយ” ឬ “ចេះប្រើពាក្យសម្តីបានល្អ”។ អ្នកខ្លះទៀតថា អ្នកនោះ “ពូកែវោហារ”។
លោកអ័ប៉ុឡូសក៏មានអំណោយទាននេះផងដែរ។ ព្រះគម្ពីរបានចែងថា គាត់ជា “អ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះបីជាគាត់បានបង្រៀន យ៉ាងត្រឹមត្រូវអំពីព្រះគ្រីស្ទពិតមែនក៏ដោយ ក៏គាត់បានអធិប្បាយតែអំពីការទទួលបុណ្យជ្រមុជទឹករបស់លោកយ៉ូហាន ដែលជាការទទួលបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ(ខ.២៥ ១៩:៤)។
លោកអ័ប៉ុឡូសបានចេះចាំសេចក្តីបង្រៀន របស់ព្រះយេស៊ូវ តែប្រហែលជាមិនបានដឹងអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ និងអំពីការដែលព្រះវិញ្ញាណបានយាងមកនោះទេ(កិច្ចការ ២) ការបង្រៀនរបស់គាត់នៅមានការខ្វះចន្លោះ ព្រោះគាត់មិនបានដឹង អំពីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានអំណាចជារៀងរាល់ថ្ងៃ។
ហេតុនេះហើយបានមិត្តភ័ក្ររបស់សាវ័កប៉ុល គឺលោកអ័គីឡា និងនាងព្រីស៊ីល ជាភរិយា បានអញ្ជើញលោកអ័ប៉ុឡូស ឲ្យមកឯផ្ទះរបស់ពួកគេ ដើម្បីកែតម្រង់ការបង្រៀនរបស់គាត់ឲ្យបានត្រឹមត្រូវឡើង។ ទោះបីជាលោកអ័ប៉ុឡូសរៀនសូត្របានជ្រៅជ្រះ និងចេះគម្ពីរបានច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលការបង្រៀនពីពួកគេ ដោយបន្ទាបខ្លួន។ ទីបំផុត លោកអ័ប៉ុឡូសក៏អាចបន្តការងារបម្រើព្រះរបស់ខ្លួន ដោយការយល់ដឹងថ្មី។
បទគម្ពីរទំនុកដំកើង ២៥:៩ បានរំឭកយើងថា ព្រះទ្រង់នឹង “នាំមនុស្សសុភាពក្នុងសេចក្តីយុត្តធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់”។ បើសិនជាយើងមានវិញ្ញាណដែលបន្ទាបខ្លួន នោះព្រះអាចបង្រៀនយើង ហើយនឹងប្រើប្រាស់យើង…
ការកំណត់ពេលវេលា
មុនពេលខ្ញុំរៀបការ ពេលស្វាមីរបស់ខ្ញុំមានការណាត់ជួប ជាមួយខ្ញុំ ខ្ញុំក៏បានយល់ថា នោះជារឿងដោយចៃដន្យទេ តែពីរបីខែក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតស្វាមីរបស់ខ្ញុំបានរៀបចំពេលវេលាទុកជាមុន បានយ៉ាងល្អសម្រាប់ការជួបគ្នាពេលនោះ។ កាលនោះ គាត់បានមើលឃើញខ្ញុំ ពីឡៅតឿនៃព្រះវិហារ ទាំងបានរំពឹងទុកមុន ថាខ្ញុំនឹងចេញទៅតាមច្រកទ្វារមួយណា ហើយគាត់ក៏បានប្រញាប់ចុះតាមជណ្តើរ ទាំងពីរជាន់នោះ ហើយក៏បានមកដល់ច្រកទ្វារមុនខ្ញុំបន្តិច។ គាត់ក៏ឈរផ្អែកលើទ្វារ ហើយចាប់ផ្តើមការសន្ទនាជាមួយខ្ញុំ រួចបបួលខ្ញុំទៅញាំអាហារពេលល្ងាច។ ពេលនោះខ្ញុំគិតថា ការណាត់ជួបនេះ គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។
ការរៀបចំពេលវេលាដ៏ល្អឥតខ្ចោះ កម្រកើតមានណាស់ ជាពិសេសចំពោះមនុស្សយើង។ ប៉ុន្តែ ព្រះទ្រង់មានបំណងព្រះហឫទ័យ និងផែនការដ៏ជាក់លាក់សម្រាប់យើង ហើយការកំណត់ពេលវេលារបស់ទ្រង់ ក៏តែងតែល្អឥតខ្ចោះជានិច្ច។
យើងបានសង្កេតឃើញថា ការកំណត់ពេលដ៏ល្អឥតខ្ចោះបានកើតមាន ចំពោះតួរអង្គមួយចំនួនក្នុងព្រះគម្ពីរ ដូចជា អ្នកបម្រើរបស់លោកអ័ប្រាហាំដែលបានអធិស្ឋានរកភរិយាឲ្យអ៊ីសាក់។ ព្រះទ្រង់ក៏បានឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយបាននាំស្រីក្រមុំម្នាក់ឲ្យមកជួបគាត់(លោកុប្បត្តិ ២៤)។ ចំណែកឯលោកយ៉ូសែបវិញ ត្រូវបានគេយកទៅលក់ជាទាសករ ត្រូវគេចោទបង្ខុស ហើយចាប់ដាក់គុកទៀត។ ប៉ុន្តែ នៅទីបំផុត ព្រះទ្រង់បានប្រើគាត់ ដើម្បីជួយជីវិតមនុស្សជាច្រើន នៅអំឡុងពេលមានអំណត់(៤៥:៥-៨ ៥០:២០)។ ហើយយើងមានការស្ងប់ស្ងែងចំពោះសេចក្តីក្លាហានរបស់ព្រះនាងអេសធើរ ពេលដែលលោកម៉ាដេកាយបានរំឭកព្រះនាងថា “ព្រះនាងបានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេដឹង”(នាងអេសធើរ ៤:១៤)។
តើលោកអ្នកមានការខកចិត្ត ចំពោះផែនការ…
ការរៀបចំខ្លួនបានល្អ
ខ្ញុំបានទទួលការបង្រៀនឲ្យចេះត្រៀមខ្លួនជានិច្ច។ ពេលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បាននឹកឃើញលោក នេនហួស(Nienhuis) ដែលជាអ្នកជិតខាងរបស់ខ្ញុំ កាលខ្ញុំកំពុងធំធាត់។ ខ្ញុំចាំថា ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់មិនដែលខានបើកឡានថយក្រោយ ចូលក្នុងបន្ទប់ដាក់ឡានឡើយ។ ការនេះហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ប៉ុន្តែ ក្រោយមក ម្តាយរបស់ខ្ញុំ ក៏បានពន្យល់ថា លោកនេល(Nels) គឺជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។ ដូចនេះគាត់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីប្រញាប់ទៅស្ថានីយពន្លត់អគ្គីភ័យ កាលណាគេទូរស័ព្ទមកគាត់។ គាត់បានបើកឡានថយក្រោយ ចូលទៅក្នុងបន្ទប់ដាក់ឡាន ដើម្បីឲ្យគាត់អាចបើកឡានចេញបានឆាប់រហ័ស ពេលគាត់ត្រូវទៅបំពេញតួរនាទីពន្លត់អគ្គីភ័យ។
ការត្រៀមខ្លួនឲ្យបានល្អ គឺពិតជាមានសារៈសំខាន់ នៅក្នុងការរស់នៅរបស់យើង។ ហេតុនេះហើយបានជា លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានមានប្រសាសន៍ថា “បើខ្ញុំមានពេលតែ៨ម៉ោងសម្រាប់កាប់ដើមឈើមួយដើម ខ្ញុំនឹងចំណាយពេល៦ម៉ោង ដើម្បីសំលៀងពូថៅរបស់ខ្ញុំ”។
ក្នុងការរស់នៅ យើងត្រូវត្រៀមខ្លួនសម្រាប់ការជាច្រើន។ យើងត្រៀមខ្លួនសម្រាប់អាជីពណាមួយ ដោយខិតខំរៀនសូត្រ។ យើងទិញប័ណ្ណធានារ៉ាប់រង សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ឬ អគ្គីភ័យ ដែលអាចកើតឡើងនៅពេលខាងមុខ។ ជាងនេះទៅទៀត យើងថែមទាំងបានត្រៀមខ្លួនសម្រាប់ចុងបញ្ចប់នៃជីវិត ដោយសរសេរពាក្យបណ្តាំ សម្រាប់មនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រាប់យើងថា យើងត្រូវតែមានការត្រៀមខ្លួនខាងវិញ្ញាណផងដែរ។ យើងត្រៀមខ្លួនខាងវិញ្ញាណ ដោយពាក់គ្រឿងសឹករបស់ព្រះ ដើម្បីធ្វើសង្រ្គាមខាងវិញ្ញាណ(អេភេសូរ ៦:១0-២០) ដោយត្រៀមចិត្តគំនិត សម្រាប់ការរស់នៅដ៏បរិសុទ្ធ(១ពេត្រុស ១:១៣) ដោយប្រាកដក្នុងចិត្តថា យើងបានត្រៀមខ្លួនជាស្រេច…
ផ្តួលរំលំជញ្ជាំងនោះ!
សម្រាប់ប្រជាជនដែលបានរស់នៅ ក្នុងប្រទេសអាឡឺម៉ង់ខាងកើត កាលពីជាង៥០ឆ្នាំមុន ពាក្យ “ជញ្ជាំង” គឺជាពាក្យពីម៉ាត់ ដែលអាចពិពណ៌នាអំពីរបាំងបេតុង ដែលគេបានសាងសង់នៅថ្ងៃ ១៣ ខែសីហា ឆ្នាំ ១៩៦១ ដើម្បីពុះខណ្ឌប្រទេសអាឡឺម៉ងខាងកើត និងអាឡឺម៉ង់ខាងលិច។ ក្រោយមក គេបានសង់បន្ថែមពីលើជញ្ជាំងនោះ ដែលធ្វើឲ្យគេស្ទើរតែមិនអាចឆ្លងកាត់បាន ដោយសារមានបន្លាលួស និងទាហានចាំការពារ។ ប៉ុន្តែ ក្នុងឆ្នាំ ១៩៨៩ គេក៏បានរំលំជញ្ជាំងនោះ ហើយក៏លែងមានរបាំងអ្វីមកពុះចែកប្រទេសទាំងពីរទៀតហើយ។
យ៉ាងណាមិញ នៅមានជញ្ជាំងមួយប្រភេទទៀត ដែលយើងត្រូវដកចេញផងដែរ គឺជញ្ជាំងពុះខណ្ឌឲ្យមនុស្ស ជាតិ ដាច់ចេញពីព្រះ។ ជញ្ជាំងនោះត្រូវបានសាងសង់ នៅក្នុងសួនច្បារអេដែន ពេលដែលបុរសម្នាក់ និងស្រ្តីម្នាក់ បានធ្វើការបះបោរដំបូងបំផុត ទាស់ប្រឆាំងនឹងព្រះ(លោកុប្បត្តិ ៣)។ ហើយមនុស្សយើងក៏បានបន្តការបះបោរនេះ ចាប់តាំងពីពេលនោះមក។ តើអ្នកអាចស្រមៃថា ជញ្ជាំងនោះមានសណ្ឋានដូចម្តេចខ្លះ? បទគម្ពីរអេសាយ ៥៩:២ បានចែងថា “គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នា បានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ”។
ទោះជាយ៉ាងណាក៏ដោយ ការសុគ និងការមានព្រះជន្មរស់ឡើងវិញ នៃព្រះយេស៊ូវ បានធ្វើឲ្យយើងអាចផ្សះផ្សាជាមួយព្រះបាន(២កូរិនថូស ៥:១៧-២១)។ ព្រះយេស៊ូវបានលះបង់ព្រះជន្មជាដង្វាយលោះបាបយើង ដើម្បីរំលំជញ្ជាំងនោះហើយ ដូចនេះយើងអាចផ្សះផ្សានឹងព្រះ ដោយទទួលជឿទ្រង់។ ការសុគតរបស់ព្រះគ្រីស្ទក៏បានផ្តួលរំលំជញ្ជាំងដទៃទៀត…
អ្នកលើកទឹកចិត្តស្ងាត់ៗ
ការចេះលើកទឹកចិត្តអ្នកដទៃ តាមរបៀបស្ងាត់ៗ គឺជាបុគ្គលិកលក្ខណៈមួយ ក្នុងចំណោមបុគ្គលិកលក្ខណៈដែលខ្ញុំកោតសរសើរបំផុត ចំពោះអ្នកដទៃ។ ខ្ញុំនៅចាំថា ថ្ងៃមួយ ពេលខ្ញុំត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានសម្រាកនៅមន្ទីពេទ្យអស់មួយរយៈ ខ្ញុំក៏បានដឹងថា មិត្តភ័ក្ររបស់ខ្ញុំគឺ ជែកគី(Jackei) បានផ្ញើសៀវភៅមួយក្បាល ដែលនិយាយអំពីព្រះបន្ទូលសន្យារបស់ព្រះ ដែលកាលពីពីរបីថ្ងៃមុន គាត់បានឆ្លងកាត់ការវះកាត់រួចមកហើយ។
លោកបប់(Bob) ដែលជាពូរបស់ខ្ញុំ មានការដឹងគុណចំពោះអ្នកមើលថែរគាត់ ពេលគាត់កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលមហារីក បានជាគាត់ផ្ញើសំបុត្រថែ្លងអំណរគុណរាប់រយសន្លឹក ទៅកាន់អ្នកគ្រប់គ្រងរបស់ពួកគេ។ អ្នកស្រីប្រេនដា(Brenda) ដែលជាបងប្អូនជីដូនមួយរបស់ខ្ញុំ មានការឈឺចាប់យ៉ាងខ្លាំង ពេលបាត់បង់កូនម្នាក់ កាលពីជិត២០ឆ្នាំមុន ហើយឥឡូវនេះ មនុស្សជាច្រើនបានទទួលព្រះពរ តាមរយៈការដែលគាត់បានធ្វើយ៉ាងស្ងប់ស្ងាត់ ដោយចិត្តដ៏ករុណា។ ជាញឹកញាប់ អ្នកដែលធ្លាប់ជួបសេចក្តីវេទនាបំផុត ទាំងខាងសាច់ឈាម និងខាងផ្លូវចិត្ត គឺជាអ្នកដែលពូកែលើកទឹកចិត្តអ្នកដទៃ បានច្រើនជាងគេ។
ព្រះគម្ពីរកិច្ចការបានចែងអំពីលោកបាណាបាស ដែលត្រូវបានគេស្គាល់ថាជា “អ្នកជំនួយ(ឬកូននៃការលើកទឹកចិត្ត)”(៤:៣៦)។ គាត់ជា “មនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីជំនឿ”(១១:២៤) ហើយបានលើកទឹកចិត្តអ្នកដទៃ “ឲ្យសម្រេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(ខ.២៣)។ ការលើកទឹកចិត្តរបស់គាត់ ប្រាកដជាអាចមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើមនុស្សជាច្រើន។
កាលណាយើងបានទទួលព្រះពរ ពីការលើកទឹកចិត្តហើយ នោះចូរយើងធ្វើខ្លួនជាកូនស្រី ឬកូនប្រុសនៃការលើកទឹកចិត្ត សម្រាប់អ្នកដទៃចុះ។—Cindy Hess Kasper
ការកំណត់ចាំ
ពេលខ្ញុំចាប់កំណើត តាទួតរបស់ខ្ញុំ គឺលោកអាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើលលែងឃើញទៅហើយ។ គាត់មានឈ្មោះល្បី ដោយសារគាត់បានចេះឆ្លាក់រូបពីឈើយ៉ាងស្រស់ស្អាត ដោយប្រើម៉ាស៊ីនក្រឡឹង និងដោយសារគាត់អាចចាំបទគម្ពីរជាច្រើនខ។ ជាញឹកញាប់គាត់ និងមិត្តភ័ក្ររបស់គាត់ គឺលោកអេលី(Eli) បានចែកចាយខគម្ពីរឲ្យគ្នា ទៅវិញទៅមក។ វិញ្ញាណប្រកួតប្រជែងគ្នាបន្តិចបន្តួចនេះ បាននាំឲ្យពួកគាត់ទទួលស្គាល់ថា លោក អេលីអាចដកស្រង់ ខគម្ពីរយោងបានច្រើនជាង ចំណែកឯជីតារបស់ខ្ញុំវិញ គាត់អាច សូត្រ ខគម្ពីរបានច្រើនជាង។
សព្វថ្ងៃនេះ គ្រួសាររបស់ខ្ញុំច្រើនតែចាំថា ជីតាអាប់រ៉ាម គឺជា “ជីតាពិការភ្នែក”។ ពេលភ្នែករបស់គាត់ពិការលែងមើលអ្វីឃើញទៀត ខគម្ពីរដែលគាត់បានទន្ទេញចាំនោះ គឺជាជំនួយប្រចាំជីវិតរបស់គាត់។ ប៉ុន្តែ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវទន្ទេញព្រះបន្ទូលព្រះឲ្យចាំ?
បទគម្ពីរទំនុកតម្កើង ជំពូក១១៩ បានបង្រៀនយើងអំពីរបៀបដើរតាមព្រះ ដោយកំណត់ចាំព្រះបន្ទូលទ្រង់ នៅក្នុងចិត្តរបស់យើង។ ទីមួយ : ពេលយើងកំណត់ចាំព្រះបន្ទូលទ្រង់ យើងអាចការពារខ្លួន ពេលយើងជួបការល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេលយើងជញ្ជឹងគិតព្រះបន្ទូលទ្រង់ យើងស្គាល់ទ្រង់កាន់តែច្បាស់ឡើង។ ទីបី : ពេលយើងមានព្រះបន្ទូលទ្រង់ ចារទុកនៅក្នុងគំនិតរបស់យើង នោះយើងកាន់តែងាយស្តាប់ឮព្រះសូរសៀងទ្រង់ ពេលទ្រង់បង្រៀន និងនាំផ្លូវយើង។ យើងប្រើពាក្យពេចន៍នៃព្រះគម្ពីរទាំងនោះ…
បន្ទុកដែលផុយស្រួយ
ខណៈពេលដែលដូឡ័រ(Dolors) កំពុងបើកបររថយន្ត នៅតាមផ្លូវជនបទមួយ នាងក៏បានកត់សំគាល់ថា មានឡានមួយគ្រឿង កំពុងបើកពីខាងក្រោយឡាននាងយ៉ាងគៀក។ នាងស្ទើរតែអាចដឹងថា អ្នកបើកបរនោះកំពុងធុញទ្រាន់នឹងការបើកបររបស់នាង ស្របពេលដែលនាងកំពុងបើកបរយ៉ាងប្រុងប្រយ័ត្ន និងខំងាករកមើលផ្លូវ មុននឹងបត់ឡានយឺតៗ តាមផ្លូវបត់ ដែលមានបួនប្រាំកន្លែង។
ជាការពិតណាស់ អ្នកបើកបរនោះមិនបានដឹងទេថា ដូឡ័រកំពុងដឹកដំឡូងបារំាងកិនប្រហែល៤៥គីឡូ និងទឹកសម្លសម្រាប់ស្រូបពីរឆ្នាំ ព្រមទាំងអាហារជាច្រើនមុខទៀត សម្រាប់កម្មវិធីបរិភោគអាហារពេលយប់ នៅព្រះវិហារ ដែលល្មមនឹងអាចឲ្យមនុស្ស២០០នាក់បរិភោគជុំគ្នាបាន! ពេលដូឡ័រដឹងថា អ្នកបើកបរនោះកំពុងមានអារម្មណ៍នឿយណាយ នាងក៏គិតថា បើសិនជាគាត់គ្រាន់តែបានដឹងថា ឡានរបស់ខ្ញុំកំពុងដឹករបស់ផុយស្រួល នោះគាត់នឹងដឹងពី មូលហេតុដែលខ្ញុំបើកបរយឺតៗដូចនេះ។
រំពេចនោះ មានគំនិតមួយទៀតបានលេចឡើងនៅក្នុងចិត្តនាងថា “តើមានពេលប៉ុន្មានដងហើយ ដែលខ្ញុំខ្វះការអត់ធ្មត់ ចំពោះអ្នកដែលកំពុងទទួលបន្ទុកដ៏ផុយស្រួយ ដោយមិនបានដឹងអំពីការលំបាករបស់ពួកគេ?”
តើយើងងាយនឹងធ្វើការសន្និដ្ឋានអំពីអ្នកដទៃ ដោយយល់ថា ខ្លួនបានដឹងអំពីការពិតគ្រប់យ៉ាង ដែលមានក្នុងស្ថានភាពរបស់ពួកគេឬ? ព្រះបន្ទូលរបស់ព្រះដឹកនាំយើង ឲ្យទៅតាមទិសដៅ ដែលមានចិត្តសប្បុរស ដោយបង្រៀនយើង ឲ្យប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស ការបន្ទាបខ្លួន និងការអត់ធ្មត់(កូល៉ុស ៣:១២)។ ពេលដែលយើងទ្រាំទ្រគ្នា និងអត់ទោសឲ្យគ្នា នោះយើងកំពុងតែមានសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះគ្នា(ខ.១៣)។
ចូរយើងប្រព្រឹត្តចំពោះអ្នកដទៃ តាមបែបយ៉ាងណា ដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងវិញ(លូកា ៦:៣១) ដោយចាំថា យើងមិនតែងតែអាចដឹងថា ពួកគេកំពុងមានបន្ទុកអ្វីខ្លះឡើយ។-Cindy Hess Kasper
ក្រុមការងារពេលយប់
ការងារដំបូងរបស់ភែត(Pat) គឺធ្វើនៅពេលយប់ ក្នុងហាងលក់ចាប់ហួយមួយ។ បន្ទាប់ពីហាងដល់ពេលត្រូវបិទទ្វារ គាត់និងក្រុមការងាររបស់គាត់ ត្រូវរៀបចំទុកដាក់ និងបន្ថែមឥវ៉ាន់ដែលអស់នៅលើធ្នើរ មុននឹងចាកចេញពីហាង។ ចៅហ្វាយរបស់ភែតបានណែនាំពួកគេ ឱ្យតម្រៀបស៊ុបកំប៉ុង នៅលើធ្នើ ដោយបែរផ្លាកយឺហោមកខាងមុខជានិច្ច ដើម្បីឲ្យគេស្រួលមើលស៊ុបកំប៉ុងនោះ។ តែភែត បានធ្វើខុសការណែនាំនោះបន្តិច ដោយនិយាយថា “យើងត្រូវបែរផ្លាកយឺហោកំប៉ុងទាំងនោះ មកខាងមុខ តែត្រូវបែរផ្លាកយឺហោកំប៉ុងបីទៀតមកខាងក្រោយវិញ”។ នៅយប់មួយ ពេលភែតកំពុងរៀបចំធ្នើរ មិត្តរួមការងាររបស់គាត់ក៏បាននិយាយចំអកថា “យើងត្រូវបែរផ្លាក់យឺហោរបស់កំប៉ុងដែលនៅជួបមុខ ឲ្យបានត្រឹមត្រូវ ហើយកំប៉ុងនៅជួរក្រោយ រៀបយ៉ាងម៉េចក៏បាន ព្រោះគ្មាននរណាមើលឃើញទេ?”
ពេលនោះ ជាពេលដែលក្មេងជំទង់ម្នាក់នោះ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ តើគាត់គួរតែធ្វើតាមបង្គាប់របស់ចៅហ្វាយគាត់ ឬគួរតែធ្វើអ្វីដែលងាយស្រួល?
យ៉ាងណាមិញ ពេលណាយើងត្រូវធ្វើការសម្រេចចិត្ត យើងគ្រប់គ្នាក៏សុទ្ធតែស្ថិតក្នុងស្ថានភាពស្រដៀងនឹងគាត់ដែរ។ លោកសាវ័កប៉ុលបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ ឲ្យស្តាប់បង្គាប់ព្រះ ទោះគ្មាននរណាម្នាក់ឈរមើលពួកគេក៏ ដោយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ពួកបាវបម្រើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាមក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែការនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះ គឺដោយចិត្តសោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង”(កូល៉ុស ៣:២២)។
យើងត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ទោះបីជាចៅហ្វាយរបស់យើងមិននៅក្បែរ ឬទោះជាគ្មាននរណាម្នាក់ឈរមើលយើងក៏ដោយ។ យើងត្រូវតែស្តាប់បង្គាប់ព្រះជានិច្ច ទោះបីជាមានការពិបាក ឬយើងមិនចង់ធ្វើក៏ដោយ។
សូមចាំថា “អ្នកណាដែលចេះធ្វើការល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ”(យ៉ាកុប ៤:១៧)។ —Cindy Hess…
តើអ្នកកំពុងបើកចំហរចិត្តឬ?
នៅពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានទៅលេងជីដូនជីតារបស់ខ្ញុំ អស់រយៈពេលមួយឬពីរសប្តាហ៍ នៅក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ។ កាលនោះ ពួកគាត់មានទីលំនៅ នៅតាមបណ្តោយផ្លូវ ដែលកាត់តាមផ្លូវរទេះភ្លើងមួយចំនួន។ នៅក្នុងយប់ដំបូង ដែលខ្ញុំស្នាក់នៅទីនោះ ជាញឹកញាប់ ខ្ញុំបានភ្ញាក់ពីដំណេកបួនប្រាំដង ដោយសារសម្លេងញ័ររណ្តំនៃទូរថភ្លើង និងសម្លេងស៊ីផ្លេដែលអ្នកបើករថភ្លើងបានបន្លឺឡើង។ ទោះជាយ៉ាងណាក្តី នៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់ខ្ញុំ ខ្ញុំក៏បានស៊ាំនឹងសម្លេងរំខានទាំងអស់នោះ បានជាខ្ញុំអាចគេងលក់ពេញមួយយប់ ដោយមិនភ្ញាក់ដូចមុនទៀតទេ។ មានន័យថា ខ្ញុំឈប់ខ្វល់ពីសម្លេងនោះទៀតហើយ។
ប៉ុន្តែ មានរឿងរំខានមួយចំនួនដែលខ្ញុំមិនចង់ឈប់ខ្វល់ពីវា! ឧទាហរណ៍ ខ្ញុំចូលចិត្តការដែលស្វាមីរបស់ខ្ញុំយកកាហ្វេមួយពែងមកឱ្យខ្ញុំ ដោយមិនដឹងខ្លួន ខណះដែលខ្ញុំកំពុងជាប់ដៃជាមួយនឹងកុំព្យូទ័រ។ ហើយខ្ញុំក៏មានអំណរណាស់ ពេលមិត្តសំឡាញ់របស់ខ្ញុំទូរស័ព្ទមក ដោយខ្ញុំមិនបានរំពឹងទុកជាមុន។
ជួនពេលខ្លះ មានការល្បួងដែលនាំឱ្យយើងមិនខ្វល់អំពី “ការរំខានដ៏បរិសុទ្ធ” របស់ព្រះវិញ្ញាណបរិសុទ្ធ ជាហេតុធ្វើឲ្យយើងមិនស្តាប់តាមការបណ្តាលចិត្តរបស់ទ្រង់។ ពេលនោះ ទ្រង់ប្រហែលជាកំពុងអង្រួនយើងឱ្យភ្ញាក់ដឹងខ្លួនថា យើងចាំបាច់ត្រូវទូលសូមការអត់ទោសបាប ចំពោះអ្វីដែលយើងបាននិយាយ ឬប្រព្រឹត្ត។ ម្យ៉ាងទៀត ទ្រង់ប្រហែលជាកំពុងរំឭកយើងម្តងហើយម្តងទៀតថា ដើម្បីឲ្យយើងអធិស្ឋានឱ្យអ្នកណាម្នាក់ដែលកំពុងជួបវិបត្តិ។ ឬមួយទ្រង់កំពុងដាស់តឿនយើងថា យើងមិនទាន់បានផ្សាយដំណឹងល្អដល់មនុស្សជាទីស្រឡាញ់របស់យើង ឲ្យបានគ្រប់ជ្រុងជ្រោងនៅឡើយទេ។
ពេលដែលព្រះវិញ្ញាណបរិសុទ្ឋសណ្ឋិតក្នុងចិត្តយើងម្នាក់ៗ ទ្រង់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងដឹកនាំយើងឲ្យដើរតាមសេចក្តីពិត(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នកកំពុងបើកចំហរចិត្ត ទទួលការរំខាននៃព្រះសូរសៀងរបស់ទ្រង់ឬទេ? —Cindy Hess Kasper
ទឹកដីដែលគេមិនទាន់រកឃើញ
ខណៈពេលស្វាមីរបស់ខ្ញុំកំពុងបើកឡាន ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋវើជីនៀ(Virginia) ខ្ញុំក៏បានដកផែនទីចេញមក ដើម្បីបើករកមើលផ្លូវទៅកាន់ឆ្នេរ សមុទ្រ។ ទីបំផុតយើងក៏រកឃើញផ្លូវមួយ ហើយយើងក៏បើកបរតាមទិសរបស់ថ្ងៃ។
ស្រាប់តែពីរបីនាទីក្រោយមក យើងក៏នាំគ្នាសើចយ៉ាងសប្បាយរីករាយ ព្រោះមុនពេលយើងទៅដល់មាត់ឆ្នេរ យើងបានធ្វើដំណើរចូលក្នុងដែនជម្រកសត្វព្រៃ ដោយមិនដឹងខ្លួន។ នៅជុំវិញខ្លួនយើង មានសុទ្ធតែពំនូកខ្សាច់ កន្លែងលិចទិក និងពពួកស្មៅដែលដុះតាមឆ្នេរ ព្រមទាំងសំបូរទៅដោយសត្វរំពេ សត្វកុក និងសត្វក្រសារពណ៌ខៀវ។ អ្វីៗមានភាពរស់រវើក មានសម្លេងខ្ញៀវខ្ញា និងស្រស់អស្ចារ្យណាស់! យើងក៏បានមកដល់ប្រជុំកោះសិនកូទីក(Chincoteague) និងអាស្សាទីក(Assateague) ដែលសុទ្ធតែមានឈ្មោះល្បីល្បាញ ដោយសារជារៀងរាល់ឆ្នាំ មានកូនសេះទាំងហ្វូង ហែលឆ្លងពីកោះមួយទៅកោះមួយទៀត។ តាមពិតអ្នកដទៃទៀតបានដឹងពីគុណតម្លៃ និងសោភ័ណ្ឌភាពនៃតំបន់នេះ ជាយូរមកហើយ តែសម្រាប់យើងវិញ វាជាទឹកដីដែលយើងមិនដែលបានប្រទះឃើញ។
យ៉ាងណាមិញ សម្រាប់មនុស្សជាច្រើន ព្រះគម្ពីរបរិសុទ្ធ គឺប្រៀបបាននឹង “តំបន់ដែលពួកគេមិនដែលបានប្រទះឃើញ”។ ពួកគេពុំដែលបានរកឃើញកំណប់ដ៏មានតម្លៃ ដែលបានបង្កប់ក្នុងព្រះបន្ទូលដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ដែលមានក្នុងព្រះគម្ពីរឡើយ។ ព្រះគម្ពីរផ្ទុកទៅដោយព្រះបន្ទូលដ៏រស់ហើយពូកែផង ក៏មុតជាងដាវណាមានមុខពីរ ទាំងធ្លុះចូលទៅក្នុងទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ(ហេព្រើរ ៤:១២)។ ព្រះបន្ទូលប្រៀបបាននឹងចង្កៀងបំភ្លឺផ្លូវយើងដើរ(ទំនុកដំកើង ១១៩:១០៥) ហើយមានប្រយោជន៍សម្រាប់បង្រៀនយើង ឲ្យបំពេញបំណងព្រះទ័យព្រះ(២ធីម៉ូថេ ៣:១៦-១៧)។
ចូរយើងបើកព្រះគម្ពីរអាន ដើម្បីឲ្យយើងអាចរកកំណប់ទាំងនេះឃើញ។ ពេលនេះជាពេលដែលយើងត្រូវស្វែងរកហើយ!_Cindy Hess Kasper